ភ្នំពេញ៖ តើសុខភាពសាធារណៈមួយណាដែលកំពុងរងការគំរាមគំហែងនៅកម្ពុជា?
យោងតាមអង្គការសុខភាពពិភពលោក(WHO) សុវត្ថិភាពចរាចរគឺត្រូវរាប់បញ្ចូលថាជាបញ្ហាសុខភាពសាធារណៈ។
ហើយបញ្ហានេះកំពុងតែប្រឈមនឹងហានិភ័យខ្ពស់នៅកម្ពុជា ដោយសារតែពលរដ្ឋប្រទេសនេះមួយចំនួនហាក់ដូចជា
មិនសូវអើពើ រឺយកចិត្តទុកខ្លាំងលើករណីនេះឡើយ។
បច្ចុប្បន្នជាមធ្យម ប្រជាជនកម្ពុជា ៦នាក់ស្លាប់
និង១៧នាក់ របួសធ្ងន់ ជារៀងរាល់ថ្ងៃ។ រដ្ឋខាតបង់ថវិកាជាតិជាង ៣០០
លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរ។ ហើយប្រសិនបើមិនមានវិធានការការពារ
និងចូលរួមដោះស្រាយនោះទេ បញ្ហានេះនឹងរឹតតែអាក្រក់ជាងនេះទៅទៀត។ នេះបើយោងតាមលោកស្រីម៉ែន
ច័ន្ទសុកល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក អ៊ា ចរិយ៉ា ទីប្រឹក្សាឯករាជ្យ ផ្នែកសុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍កើតចេញពីកត្តាបង្ក៣ធំៗ
គឺកត្តាមនុស្ស កត្តាផ្លូវថ្នល់ និងកត្តាយានយន្ត។ ៩៥%
នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរគឺដោយសារកត្តាមនុស្ស ដូចជាការបើកបរហួសល្បឿនកំណត់, ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, ការបើកជែងគ្នា, មិនគោរពសិទ្ធិគ្នា, និង មិនប្រកាន់ស្ដាំ។
ស្របគ្នានឹងរបាយការណ៍ពី WHO បានបង្ហាញថា គ្រោះថ្នាក់ចរាចរបានសម្លាប់ប្រជាជនពិភពលោក ១,២៤ លាននាក់ និងរងរបួស ប្រមាណពី២០ ទៅ ៥០លាន នាក់ក្នុង១ឆ្នាំៗ ដែលភាគច្រើននៃគ្រោះថ្នាក់នេះគឺកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ
ដែលជនរងគ្រោះជាអ្នកប្រើប្រាស់ផ្លូវ ដូចជា អ្នកថ្មើរជើង អ្នកជិះកង់ ម៉ូតូ ជាដើម។
គ្រោះថ្នាក់ចរាចរគឺជាមូលហេតុចំបងលើពិភពលោក ដែលធ្វើឲ្យយុវវ័យ (១០-២៤ឆ្នាំ) ស្លាប់ច្រើនជាងគេ ដែលគិតជាមធ្យមប្រមាណជាង១ពាន់នាក់ក្នុងមួយថ្ងៃ។
ដើម្បីកាត់បន្ថយអត្រាមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឯកឧត្ដម ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញអនុសាសន៍មួយចំនួន
ដែលលោកផ្តោតសំខាន់គឺត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គឺការគោរពច្បាប់ចរាចរណ៍ត្រូវផ្ដើមចេញពីយើងម្នាក់ៗ
រួមមាន ត្រូវចេះអប់រំខ្លួនឯងផ្ទាល់ គ្រួសារ មិត្តភ័ក្ដិ សហការី និងសង្គម
និងត្រូវចងចាំជានិច្ចថា ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ
រាល់ការធ្វើដំណើរតាមទោចក្រយានយន្ត។
ស្រដៀងគ្នានេះដែរ នៅកម្ពុជា បរិបទសង្គមគឺមានឥទ្ធិពលខ្លាំង លើផ្នត់គំនិតប្រជាជន។
ឧទាហរណ៍ជាក់ស្តែង សង្គមកម្ពុជា មិនតម្រូវអោយស្រ្តីជក់បារីនោះទេ
ដូច្នេះប្រសិនបើមានស្រ្តីដែលជក់បារី អាចនឹងប្រឈមការរើសអើងពីសំណាក់សាច់ញាតិបងប្អូន
ដូចជាការផ្តាច់ទំនាក់ទំនងជាដើម។ ជាលទ្ធផល ប្រសិនបើការអប់រំពីសុវត្ថិភាពចរាចរ
ត្រូវបានរាប់បញ្ចូលក្នុងបរិបទសង្គមដែរ
នោះប្រជាជនមួយចំនួនអាចនឹងអនុវត្តការការពារសុវត្ថិភាពខ្លួនពេលធ្វើដំណើរ
បានប្រសើរជាងពីមុន។
លោកអ៊ា ចរិយា បានគាំទ្រចំនុចនេះផងដែរ ព្រោះលោកយល់ថា ការអប់រំ
ជាផ្នែកសំខាន់មួយផងដែរ ក្នុងការកាត់បន្ថយអត្រាគ្រោះថា្នក់ចរាចរ ហើយការអប់រំនេះនឹងបង្កើតបានជាទំលាប់ល្អសម្រាប់ប្រជាជនយើង។
មាតាបិតា លោកគ្រូអ្នកគ្រូ ព្រះសង្ឃ រឺមនុស្សល្បីក្នុងសង្គម ដែលជាគំរូគេ គឺពិតជាដើរតួសំខាន់ក្នុងបង្កើតផ្នត់គំនិត
និងអប់រំផ្សព្វផ្សាយ កូនចៅ សាធារណជន រឺពុទ្ធសាសនិកជន អោយការពារខ្លួនរាល់ពេលធ្វើដំណើរ
ដោយអនុវត្តគោលការណ៍ ស្រឡាញ់ជីវិតខ្លួនឯង គោរពជីវិតអ្នកដទៃ៕
http://www.cen.com.kh/local/01981520
http://www.cen.com.kh/local/01981520
អត្ថបទ និងរូបភាពដោយ៖ អ៊ូ បាណុង