Tuesday, August 25, 2015

សុខភាពសាធារណៈមួយ នៅកម្ពុជាកំពុងរងការគំរាមគំហែងជាទម្ងន់

ភ្នំពេញ៖ តើសុខភាពសាធារណៈមួយណាដែលកំពុងរងការគំរាមគំហែងនៅកម្ពុជា? 
យោងតាមអង្គការសុខភាពពិភពលោក​(WHO) សុវត្ថិភាពចរាចរគឺត្រូវរាប់បញ្ចូលថាជាបញ្ហាសុខភាពសាធារណៈ។ ហើយបញ្ហានេះកំពុងតែប្រឈមនឹងហានិភ័យខ្ពស់នៅកម្ពុជា ដោយសារតែពលរដ្ឋប្រទេសនេះមួយចំនួនហាក់ដូចជា មិនសូវអើពើ រឺយកចិត្តទុកខ្លាំងលើករណីនេះឡើយ។


បច្ចុប្បន្នជា​​មធ្យម ប្រជាជនកម្ពុជា ៦នាក់ស្លាប់ និង​១៧​នាក់ របួស​ធ្ងន់​​​​​ ជារៀងរាល់ថ្ងៃ។ ​​រដ្ឋ​ខាត​បង់ថវិកាជាតិ​​​ជាង ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរ។ ហើយប្រសិនបើមិនមានវិធានការការពារ និងចូលរួមដោះស្រាយនោះទេ បញ្ហានេះនឹងរឹតតែអាក្រក់ជាងនេះទៅទៀត។ នេះបើយោងតាមលោកស្រីម៉ែន ច័ន្ទសុកល អនុប្រធាន​​នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក អ៊ា ចរិយ៉ា ទីប្រឹក្សា​ឯករាជ្យ ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍បានឲ្យដឹងថា៖ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ចេញ​ពីកត្តាបង្ក៣ធំៗ គឺកត្តាមនុស្ស កត្តាផ្លូវថ្នល់ និងកត្តាយានយន្ត។ ៩៥% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរគឺដោយសារកត្តាមនុស្ស ដូចជា​ការ​បើក​បរ​ហួស​ល្បឿន​កំណត់, ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, ការ​បើក​ជែង​គ្នា, មិន​គោរព​សិទ្ធិ​គ្នា, និង មិន​ប្រកាន់​ស្ដាំ។

ស្របគ្នានឹងរបាយការណ៍ពី WHO បានបង្ហាញថា គ្រោះថ្នាក់ចរាចរបានសម្លាប់ប្រជាជនពិភពលោក ១,២៤ លាននាក់ និងរងរបួស ប្រមាណពី២០ ទៅ ៥០លាន នាក់ក្នុង១ឆ្នាំៗ ដែលភាគច្រើននៃគ្រោះថ្នាក់នេះគឺកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលជនរងគ្រោះជាអ្នកប្រើប្រាស់ផ្លូវ ដូចជា អ្នកថ្មើរជើង អ្នកជិះកង់ ម៉ូតូ ជាដើម។ គ្រោះថ្នាក់ចរាចរគឺជាមូលហេតុចំបងលើពិភពលោក ដែលធ្វើឲ្យយុវវ័យ (១០-២៤ឆ្នាំ) ស្លាប់ច្រើនជាងគេ ដែលគិតជាមធ្យមប្រមាណជាង១ពាន់នាក់ក្នុងមួយថ្ងៃ។

ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាពក្នុង​​គ្រោះថ្នាក់​ចរាចរណ៍នៅកម្ពុជា ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន បាន​បង្ហាញ​អនុសាសន៍​មួយចំនួន ដែលលោកផ្តោតសំខាន់គឺត្រូវគោរព​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក គឺការ​គោរព​ច្បាប់​ចរាចរណ៍​ត្រូវ​ផ្ដើម​ចេញ​ពី​យើង​ម្នាក់ៗ រួមមាន ត្រូវ​ចេះ​អប់រំ​ខ្លួន​ឯង​ផ្ទាល់ គ្រួសារ មិត្តភ័ក្ដិ សហការី និង​សង្គម និងត្រូវ​ចងចាំ​ជានិច្ច​ថា ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ រាល់​ការ​ធ្វើ​ដំណើរ​តាម​​ទោចក្រយានយន្ត។

ស្រដៀងគ្នានេះដែរ នៅកម្ពុជា បរិបទសង្គមគឺមានឥទ្ធិពលខ្លាំង លើផ្នត់គំនិតប្រជាជន។ ឧទាហរណ៍ជាក់ស្តែង សង្គមកម្ពុជា មិនតម្រូវអោយស្រ្តីជក់បារីនោះទេ ដូច្នេះប្រសិនបើមានស្រ្តីដែលជក់បារី អាចនឹងប្រឈមការរើសអើងពីសំណាក់សាច់ញាតិបងប្អូន ដូចជាការផ្តាច់ទំនាក់ទំនងជាដើម។ ជាលទ្ធផល ប្រសិនបើការអប់រំពីសុវត្ថិភាពចរាចរ ត្រូវបានរាប់បញ្ចូលក្នុងបរិបទសង្គមដែរ នោះប្រជាជនមួយចំនួនអាចនឹងអនុវត្តការការពារសុវត្ថិភាពខ្លួនពេលធ្វើដំណើរ បានប្រសើរជាងពីមុន។

លោកអ៊ា ចរិយា បានគាំទ្រចំនុចនេះផងដែរ ព្រោះលោកយល់ថា ការអប់រំ ជាផ្នែកសំខាន់មួយផងដែរ ក្នុងការកាត់បន្ថយអត្រាគ្រោះថា្នក់ចរាចរ ហើយការអប់រំនេះនឹងបង្កើតបានជាទំលាប់ល្អសម្រាប់ប្រជាជនយើង។ មាតាបិតា លោកគ្រូអ្នកគ្រូ ព្រះសង្ឃ រឺមនុស្សល្បីក្នុងសង្គម ដែលជាគំរូគេ គឺពិតជាដើរតួសំខាន់ក្នុងបង្កើតផ្នត់គំនិត និងអប់រំផ្សព្វផ្សាយ កូនចៅ សាធារណជន រឺពុទ្ធសាសនិកជន អោយការពារខ្លួនរាល់ពេលធ្វើដំណើរ ដោយអនុវត្តគោលការណ៍ ស្រឡាញ់ជីវិតខ្លួនឯង គោរពជីវិតអ្នកដទៃ
http://www.cen.com.kh/local/01981520 

អត្ថបទ និងរូបភាពដោយ៖ អ៊ូ បាណុង