Thursday, June 4, 2015

តើអ្នកនឹងធ្វើអ្វីបន្ទាប់?

តើអ្នកមានធ្លាប់ឆ្លងកាត់ រឺធ្លាប់គិត ដែររឺទេថា ប្រសិនបើ ឥលូវនេះ វិនាទីនេះ មនុស្សជាទីស្រឡាញ់របស់អ្នក កំពុងតែស្ថិតក្នុងដង្ហើមចុងក្រោយ រឺកំពុងរង់ចាំជំនួយពីអ្នក នៅឯមន្ទីរពេទ្យ?


ហើយបើវាជាការពិត តើអ្នកព្រមឲ្យពួកគាត់ចាក​ចេញទៅដោយមិនត្រលប់ដែររឺទេ? ចុះតើអ្នកនឹងធ្វើអ្វីបន្ទាប់? 


យ៉ាងណាមិញ!  ក្នុងករណី មនុស្សដែលកំពុងរង់ចាំជំនួយនោះ មិនមែនជាសមាជិកគ្រួសារអ្នក មិនមែនជាសំណប់ចិត្តអ្នក តើអ្នកនឹងខ្វល់ រឺជួយគាត់ដែររឺទេ?

ចម្លើយមួយចំនួនអាចជា “ខ្ញុំមិនមែនពេទ្យ មិនដែលរៀនពេទ្យ ក៏មិនដឹងថាពេទ្យធ្វើស្អីផង ដូច្នេះខ្ញុំមិនដឹងទេ ខ្ញុំមិនចេះទេ។ រឺថា ខ្ញុំរវល់ណាស់ ហេតុអ្វីត្រូវជាខ្ញុំ ចុះអ្នកដទៃមិនទៅរក បើប្រជាជនមានជាង១៥លាននាក់ទៅហើយហ្នឹង…..

តែក៏មិនមែនអ្នករាល់គ្នា ចេះតែគិតអញ្ជឹងទាំងអស់នោះទេ។ មែនទេ?  
 ជាការពិត!​ មិនមែនទេ។ ដាច់ខាត មិនទាំងអស់នោះទេ។ ជាក់ស្តែង ក្នុងនាមខ្ញុំជាអ្នកសរសេរនៅពេលនេះ ក៏មិនមែនជាឌុកទ័រដូចគ្នាដែរ តែខ្ញុំពិតជាបានជួយសង្រ្គោះមនុស្សមួយចំនួន ដោយខ្លួនខ្ញុំផ្ទាល់មែន នោះគឺដោយឈាមខ្ញុំ ដោយការស្ម័គ្រចិត្តរបស់ខ្ញុំ។

មនុស្សដែលខ្ញុំបានជួយសង្រ្គោះនោះ គឺខ្ញុំមិនបានដឹងពីសវតាអ្វីទាំងអស់របស់គាត់ទេ តែខ្ញុំគ្រាន់តែដឹងថា គាត់ក៏ចង់រស់ដូចយើងគ្រប់គ្នាដែរ។ ហើយយ៉ាងហោចណាស់ ខ្ញុំ រឺសប្បុរសជនស្ម័គ្រ​ចិត្តបរិច្ចាគឈាមផ្សេងទៀត បានធ្វើអ្វីម៉្យាង រឺបានព្យាយាមអស់ពីលទ្ធភាពរួចមកហើយ មុននឹងប្រលែងដៃ ព្រមឲ្យគាត់បិទភ្នែកជារៀងរហូត ។

ប្រហែលជាយុវជនខេមរាខ្ញុំមិនដឹងផង ថាក្នុងមួយថ្ងៃឈាមប្រមាណជាង១៥០ប្លោក ត្រូវការជួយជីវិតប្រជាជនខ្មែរ ដែលរងគ្រោះថ្នាក់ផ្សេងៗ។ យុវជនទាំងនោះអាចមិនទាន់ច្បាស់ផងថា គ្រោះថ្នាក់ចរាចរបានសម្លាប់ជីវិតប្រជាជនកម្ពុជា៥នាក់ជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត ក្នុង១ម៉ឺនកំនើតរស់របស់ទារកទារិកាខ្មែរ មានជាង២០០កំនើត ដែលស្លាប់ ក្នុងនោះអាចស្លាប់ទារក រឺម្តាយ រឺទាំងម្តាយ និងកូន។​ នេះជាតួលេខពិតដែលបានពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិផ្តល់​ឈាម​ និងគណកម្មាធិការសុវត្ថិភាពចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។
ហើយកង្វះ​ឈាមក្នុងការជួយសង្រ្គោះ ក៏ជាបច្ច័យមួយ ដែលបានរួមចំណែកក្នុងសោកវិនាសកម្មខាងលើ។ 


ខ្ញុំបានធ្វើហើយ!​ បើទោះជាវាមិនច្រើន តែអាចនិយាយបានថា រហូតមកទល់ពេលនេះ ខ្ញុំបានបរិច្ចាគឈាមចំនួន៨ដងរួចមកហើយ ដែលយ៉ាងហោចណាស់ខ្ញុំបានជួយពន្យាជីវិតមនុស្ស​ ៨​នាក់ អោយគាត់បានឃើញស្នាមញញឹមទឹកភ្នែកជាលើកចុងក្រោយដែរ។ ចុះអ្នកវិញ តើអ្នកនឹងចាប់ផ្តើមធ្វើអ្វី រឺបន្តអ្វី?
សូមពិចារណាខ្លួនផង ហើយសូមចាំថា ប្រសិនបើអ្នកមិនមែនជាចំណែកនៃដំណោះស្រាយទេ នោះអ្នកជាចំណែកនៃបញ្ហាហើយ៕


No comments:

Post a Comment